Wednesday, July 13, 2011

ខ្ញុំ​ចង់បាន​ស្បែក​ស្អាត!



មនុស្ស​គ្រប់​គ្នា​តែង​ចង់បាន​ស្បែក​ថ្លា​ ភ្លឺ​រលោង​ ដូច​តារា​បង្ហាញ​ម៉ូត​នៅ​ក្នុង​ទស្សនាវដ្តី​។​ អ្វី​ដែល​អ្នក​មិនដឹង​នោះ​គឺ​ តារា​បង្ហាញ​ម៉ូត​ទាំងនេះ​ក៏​មាន​បញ្ហា​ស្បែក​ដែរ​។​ ប៉ុន្តែ​វា​ត្រូវ​បាន​បិទ​បាំង​ដោយ​ប្រើ​គ្រឿងសំអាង​ ឬ​លុប​វា​ចេញ​ពេល​រូបថត​ត្រូវ​ផ្តិត​។
ការ​ពិត​មនុស្ស​យើង​មាន​ស្បែក​ស្អាត​ ឬ​មិន​ស្អាត​គឺ​តាំងពី​កំណើត​ ដែល​យើង​ទទួល​ប្រភេទ​ស្បែក​នេះ​ពី​ឪពុក​ម្តាយ​របស់​យើង​។​ អ្នកខ្លះ​មានសំណាង​ដែល​មាន​ស្បែក​ថ្លា​រលោង​ ទោះជា​គេ​ថែ​ឬ​មិន​ថែ​វា​ក៏​ដោយ​។​ អ្នកខ្លះ​វិញ​មាន​បញ្ហា​ស្បែក​ ដូច​ជា​ កើត​មុន​,​ ស្បែក​ស្ងួត​គ្រើម​,​ ឬ​ក៏​ស្បែក​ភ្លឺ​ខ្លាំង​ និង​មាន​ជាតិ​ខ្លាញ់​ច្រើន​ ទោះបីជា​ពួក​គេ​ខំ​ថែ​វា​យ៉ាងណា​ក៏​ដោយ​។
បើ​ទោះបីជា​អ្នក​មិន​អាច​ប្តូរ​ប្រភេទ​ស្បែក​របស់​អ្នក​ក៏​ដោយ​ ក៏​មាន​វិធី​ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​បង្ហាញ​ភាពល្អ​បំផុត​របស់​វា ​។​ ដំណឹង​ល្អ​គឺ​អ្នក​មិន​ចំណាយ​ច្រើន​នោះ​ទេ​ក្នុង​ការ​ថែរក្សា​ស្បែក​របស់​ អ្នក​។​

តើ​អ្នក​ទទួល​បាន​អ្វី​ដែល​អ្នក​ចំណាយ​លើ​វា​ទេ​?
លុយរាប់​លាន​ដុល្លា​បាន​ចំណាយ​លើ​ការ​ឃោសនា​ ដើម្បី​ធ្វើ​ឱ្យ​អ្នក​ជឿ​ថា​ គ្រឿងផ្សំ​ដែល​មាន​ក្នុង​ផលិតផល​ថែរក្សា​ស្បែក​នឹង​ព្យាបាល​បញ្ហា​ស្បែក​ របស់​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព​។​ វា​ជា​ការ​និយាយ​បំផ្លើស​ ហើយ​គ្រឿងផ្សំ​ពិសេស​ (​ដូច​ជា​ collagen​ និង​ elastin)​ មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្រទាប់​ស្បែក​និង​ប្តូរ​គុណភាព​ស្បែក​បាន​រហូត ​ឡើយ​។
មនុស្ស​ជា​ច្រើន​ជឿ​ថា​ ផលិតផល​កាន់តែ​ថ្លៃ​កាន់តែ​មាន​ប្រសិទ្ធភាព​។​ តាម​ពិត​គឺ​តម្លៃ​នៃ​ការ​ឃោសនា​ និង​តម្លៃ​នៃ​ការ​វេច​ខ្ចប់​ បាន​បូក​បញ្ចូល​ទៅ​ក្នុង​តម្លៃ​នៃ​ផលិតផល​។​ អ្នក​នឹង​ត្រូវ​ចំនាយ​កាន់តែ​ច្រើន​សំរាប់​ផលិតផល​ដែល​មានឈ្មោះ​ល្បី​។​ តម្លៃ​ទាំង​អស់នេះ​ មាន​តម្លៃ​ថ្លៃ​ជាង​តម្លៃ​នៃ​ផលិតផល​ទៅ​ទៀត​។​ ផលិតផល​ដែល​មាន​តម្លៃ​ថោក​ ក៏​អាច​មាន​ប្រសិទ្ធភាព​ដូច​ផលិតផល​ដែល​មាន​តម្លៃ​ថ្លៃ​ដែរ​។
ប្រសិនបើ​ផលិតផល​ទាំងនោះ​មិន​មាន​ប្រសិទ្ធភាព​ដូចដែល​គេ​បាន​សន្យា​ តើ​ពួក​គេ​នឹង​ធ្វើ​យ៉ាងណា​?​ តើ​អ្នក​អាច​ថែរក្សា​ស្បែក​ដោយ​មិន​ចំណាយ​ច្រើន​បាន​របៀប​ណា​?​ សូម​ងាក​មក​មើល​ថា​ផលិតផល​ទាំង​អស់នេះ​មាន​តួនាទី​អ្វីខ្លះ​ និង​វិធី​ផ្សេង​ទៀត​ដែល​អ្នក​អាច​ទទួល​បាន​លទ្ធផល​ដូច​គ្នា​។​

ទឹក​លាង​សំអាត​ (cleanser)
  1. ការ​មាន​ស្បែក​ស្អាត​អាច​បង្ការ​ការ​ឡើង​មុន​,​ ប៉ុន្តែ​ការ​លាង​ស្បែក​ច្រើន​ដង​ពេក​ (​ច្រើន​ជាង​ ២​ដង​ក្នុង​មួយ​ថ្ងៃ​)​ អាច​បំផ្លាញ​ស្បែក​។
  2. ការ​លាង​សំអាត​ដោយ​ប្រយ័ត្ន​អាច​ជំ​រះ​ស្បែក​ដែល​ខូច​ និង​ជាតិ​ប្រេង​ដែល​លើស​ ដែល​វា​អាច​រាំងស្ទះ​រន្ធ​ញើស​ និង​ធ្វើ​ឱ្យ​មាន​មុន​និង​មាន​ស្នាម​ជាំ​។
  3. ផ្ទុយ​ទៅ​វិញ​,​ ចំពោះ​មនុស្ស​មួយ​ចំនួន​ សាប៊ូ​និង​ទឹក​អាច​មាន​ប្រសិទ្ធភាព​ដូច​ទឹក​លាង​សំអាត​ដែល​មាន​លក់​នៅ​ក្នុង ​ទីផ្សារ​ដែរ​។​ សាប៊ូ​និង​ទឹក​ក៏​អាច​លាង​ជំ​រះ​គ្រឿងសំអាង​ខ្លះ​បាន​ដែរ​។
  4. ប្រសិនបើ​ស្បែក​របស់​អ្នក​ស្ងួត​ខ្លាំង​ ឬ​មិន​ត្រូវ​នឹង​សាប៊ូ​ អ្នក​អាច​ប្រើ​ sorbolene​។

ទឹក​ជូត​មុខ​ (toner)

  1. ទឹក​ជូត​មុខ​អាច​ហៅ​ម្យ៉ាងទៀត​ថា​ ទឹក​ជួយ​បន្តឹង​ស្បែក​ (astringent)​ និង​ប្រេង​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ (clarifying​ lotion)​។​ វា​ត្រូវ​បាន​គេ​អះអាង​ថា​ជួយ​បន្តឹង​រន្ធ​ញើស​,​ បង្រួម​រន្ធ​ញើស​,​ និង​រក្សា​លំនឹង​នៃ​ការ​ផលិត​ជាតិ​ប្រេង​ក្នុង​ស្បែក​។
  2. អ្នក​ស្រាវជ្រាវ​បង្ហាញ​ថា​ ការ​អះអាង​នេះ​គឺ​មិន​ពិត​ទេ​។​ ផលិតផល​ភាគច្រើន​គឺ​ធ្វើ​ពី​ជាតិ​អាល់កុល​ ឬ​ជាតិ​ជួយ​បន្តឹង​ស្បែក​ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ស្បែក​។
  3. ជាតិ​អាល់កុល​អាច​ធ្វើ​ឱ្យ​ស្បែក​មាន​ភាព​ស្រស់ថ្លា​ ឬ​តឹង​និង​ស្អាត​ (​ដូច​បុរស​ក្រោយ​ពេល​ប្រើ​ប្រេង​សំរាប់​កោរ​ពុកមាត់​ ដែល​មាន​ជាតិ​អាល់កុល​ដែរ​)​ ដោយសារ​ការ​លាង​ជំ​រះ​ជាតិ​ប្រេង​ពី​ស្បែក​ មិនមែន​ដោយសារ​ការ​បង្រួម​រន្ធ​ញើស​នោះ​ទេ​។
  4. អ្នកមាន​ស្បែក​ស្ងួត​ត្រូវការ​ប្រេង​ធម្មជាតិ​ ហើយ​អាច​នឹង​ធ្វើ​ឱ្យ​ខូច​ស្បែក​ប្រសិនបើ​ប្រើ​ទឹក​ជូត​ឬ​ទឹក​បន្តឹង​ស្បែក​។
  5. ទឹក​ជូត​មុខ​មាន​សារ​ប្រយោជន៍​សំរាប់​ជម្រះ​ជាតិ​ប្រេង​លើស​ដែល​សល់​ពី​ ការ​លាងមុខ​ ប៉ុន្តែ​ សាប៊ូ​និង​ទឹក​ក៏​អាច​ជំ​រះ​បាន​ដូច​គ្នា​។
ប្រសិនបើ​អ្នក​ចូល​ចិត្ត​ប្រើ​ទឹក​ជូត​មុខ​ អ្នក​អាច​បន្ត​ប្រើ​វា​បាន​ (​លុះត្រាតែ​វា​មិន​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​រោល​)​។​ អ្នក​អាច​ទទួល​បាន​លទ្ធផល​ដូច​គ្នា​នឹង​ការ​ប្រើ​ផលិតផល​តម្លៃ​ថ្លៃ​ ពី​ការ​ប្រើ​ផលិតផល​តម្លៃ​ថោក​។
ជាតិ​សំណើម​ (Moisturizer)
  1. ទោះបីជា​គ្មាន​ភស្តុ​តាង​វិទ្យាសាស្ត្រ​ច្រើន​បញ្ជាក់​ថា​ ជាតិ​សំណើម​អាច​ធ្វើ​ឱ្យ​មាន​ភាព​ខុស​ប្លែក​ ប៉ុន្តែ​វា​អាច​ធ្វើ​ឱ្យ​ស្បែក​ទន់​ ដូច្នេះ​ហើយ​វា​ធ្វើ​ឱ្យ​ស្បែក​មាន​ភាពល្អ​ឡើង​វិញ​។​ មាន​ភស្តុ​តាង​ខ្លះ​ដែល​ថា​ គ្រឿងផ្សំ​ក្នុង​ផលិតផល​ជាតិ​សំណើម​ ខ្លះ​អាច​ការពារ​ស្បែក​។​ អាន​ពាក្យ​ណែនាំ​មុន​នឹង​ប្រើប្រាស់​។
  2. មនុស្ស​ភាគច្រើន​មិន​ត្រូវការ​ផលិតផល​ជាតិ​សំណើម​ទេ​ ព្រោះ​ស្បែក​មាន​របៀប​រក្សា​លំនឹង​កំរិត​សំណើម​ដោយ​ខ្លួន​វា​។​ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចូល​ចិត្ត​ប្រើ​ Moisturizer​ អ្នក​អាច​បន្ត​ការ​ប្រើប្រាស់​។​ គួរ​ចង​ចាំ​ថា​ អ្នក​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​សំរាប់​ផលិតផល​ថ្លៃៗ​នោះ​ទេ​។
ការ​ណែនាំ​ផ្សេង​ទៀត​ពី​ការ​ថែទាំ​ស្បែក
ការ​ការពារ​កម្តៅថ្ងៃ
ប្រសិនបើ​អ្នក​ចង់​ថែរក្សា​ស្បែក​ ហើយ​ចង់​រក្សា​ភាព​ក្មេង​វ័យ​ នោះ​អ្នក​ត្រូវ​តែ​ការពារ​ស្បែក​របស់​អ្នក​ពី​កម្តៅ​។​ ការ​ត្រូវ​កម្តៅថ្ងៃ​គឺជា​មូលហេតុ​ចម្បង​នៃ​ការ​បំផ្លាញ​ស្រទាប់​ស្បែក​ ខាងក្រៅ​ និង​ស្បែក​ឆាប់​ចាស់​។
  1. ព្យាយាម​មិន​ឱ្យ​ត្រូវ​កម្តៅថ្ងៃ​ ដោយ​ពាក់មួក​ការពារ​កម្តៅថ្ងៃ​និង​សំលៀក​បំពាក់​ដែល​គ្រប​ស្បែក​ជិត​ (​និង​វ៉ែនតា​ការពារ​កម្តៅថ្ងៃ​)​។
  2. ប្រសិនបើ​អ្នក​ចេញ​ក្រៅ​ គួរ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​ (​វា​ជួយ​ការពារ​រស្មី​ UVA​ និង​ UVB)​។​ ត្រូវធ្វើ​តាម​ការ​ណែនាំ​របស់​ផលិតផល​ និង​លាប​ឡេ​ការពារ​ជា​ប្រចាំ​ ពេញ​ ១​ថ្ងៃ​និង​ក្រោយ​ពេល​ហែល​ទឹក​។​ មនុស្ស​ជា​ច្រើន​មិន​បាន​លាប​ឡេ​ការពារ​ឱ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ​។​ ឧទាហរណ៍​៖​ អ្នក​ត្រូវការ​ឡេ​យ៉ាងតិច​ប្រវែង​ពេញ​ ១​ម្រាមដៃ​ សំរាប់​ដៃ​ម្ខាង​។
បារី​និង​សុរា
  1. ការ​ទទួលទាន​សុរា​និង​បារី​ អាច​ប៉ះពាល់​ដល់​ពណ៌​ស្បែក​និង​ធ្វើ​ឱ្យ​ខូចគុណភាព​ស្បែក​។​ នេះ​ដោយសារ​តែ​ជាតិ​នីកូទីន​ដែល​មាននៅ​ក្នុង​ផ្សែង​ថ្នាំជក់​ បង្រួម​បំពង់​ឈាម​ដែល​នាំ​យក​អុកស៊ីហ្សែន​ទៅ​កាន់​ស្បែក​។
  2. ស្បែក​ដែល​មាន​អុកស៊ីហ្សែន​តិច​មាន​ពណ៌​ប្រផេះ
  3. ស្នាម​ជ្រួញ​នឹង​កើត​មាន​ដោយសារ​ស្បែក​ស្ងួត​និង​មាន​ភាព​រួញ
  4. ជ័រ​ដែល​មាន​ក្នុង​ផ្សែង​បារី​ជាប់​នឹង​ធ្មេញ​និង​ម្រាមដៃ​របស់​អ្នក​ (​ធ្វើ​ឱ្យ​ឡើង​ពណ៌​លឿង​)​។
ការ​ទទួលទាន​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​/​លំ​ហាត់ប្រាណ
ការ​ទទួលទាន​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​ និង​ការ​ហាត់ប្រាណ​ទៀងទាត់​ នឹង​ជួយ​រក្សា​រាង​កាយ​របស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ​។​ ប្រសិនបើ​រាង​កាយ​របស់​អ្នកមាន​សុខភាព​ល្អ​ និង​ដំណើរការ​ល្អ​ វា​នឹង​បង្ហាញ​ឱ្យ​ឃើញ​នៅ​លើ​គុណភាព​ស្បែក​និង​ស្បែក​មាន​ពណ៌​ថ្លា​។

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites